លោក ចាន់ តារា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា និងអគារបន្ទប់ទឹក នៅសាលាបឋមសិក្សាព្រែកក្របៅ

កណ្ដាល៖ លោក ចាន់ តារា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង មាន ៣បន្ទប់ និងអគារបន្ទប់ទឹក ១ខ្នង មាន ២បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាព្រែកក្របៅ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ចាន់ តារា បានដឹកនាំអាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋ អាណាព្យាបាល និងសិស្សានុសិស្សជាច្រើន ចូលរួមក្នុងកម្មវិធី ដែលបានប្រារព្ធឡើងយ៉ាងអធិកអធម និងពោរពេញដោយកិត្តិយស។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ណុប ទិត្យតុលា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រែកអំពិល អភិបាលរងក្រុង លោក ជា គង់ និងលោកស្រី ប៉ែន ហុង សប្បុរសជន ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនផងដែរ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ កែលម្អបរិយាកាសសិក្សា និងចូលរួមលើកកម្ពស់គុណធម៌ សីលធម៌ និងសុខុមាលភាពសិស្សានុសិស្ស ព្រមទាំងបង្កើនភាពសាមគ្គីរវាងអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការរៀបចំពិធីសាសនា ដោយមានព្រះសង្ឃជាច្រើនអង្គ និមន្តចូលរួមប្រគេនពរ និងផ្តល់អនុសាសន៍អប់រំចិត្ត ដល់អ្នកចូលរួមផងដែរ។
ជាមួយគ្នានេះដែរ ការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានបង្ហាញពីការគាំទ្រ និងការយកចិត្តទុកដាក់លើវិស័យអប់រំ និងវប្បធម៌ប្រពៃណីជាតិ។
លោក ចាន់ តារា បានបញ្ជាក់ថា ការវិនិយោគលើវិស័យអប់រំ គឺជាគ្រឹះសំខាន់សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងសង្គមជាតិ ហើយសកម្មភាពបែបនេះ នឹងបន្តអនុវត្តជាបន្តបន្ទាប់ ដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើន និងចីរភាព។

Leave a Reply

Your email address will not be published. Required fields are marked *